Acts 1

1លោក​ថេវភីលអើយ! ​នៅក្នុង​សៀវភៅទីមួយ​ខ្ញុំ​បាន​សរសេរអំពីកិច្ចការទាំងឡាយដែល​ព្រះ​យេស៊ូ​បាន​ចាប់ផ្ដើមធ្វើនិងបង្រៀន 2រហូតដល់ថ្ងៃដែល​ព្រះជាម្ចាស់​បាន​លើក​ព្រះអង្គ​ឡើង​ទៅ​ស្ថានសួគ៌​វិញ​បន្ទាប់​ពី​ព្រះអង្គ​បាន​ប្រទាន​សេចក្ដី​បង្គាប់តាមរយៈ​ព្រះ​វិញ្ញាណបរិសុទ្ធដល់​ពួក​សាវកដែល​ព្រះអង្គ​បាន​ជ្រើសរើស 3ក្រោយពីព្រះអង្គ​បាន​រងទុក្ខ​វេទនា​រួច​ហើយ​ព្រះអង្គ​បាន​បង្ហាញខ្លួន​ដល់​ពួកសាវកទាំងនេះដោយប្រទានភស្ដុតាងជាក់ស្ដែងជាច្រើនថា​ព្រះអង្គ​មានព្រះជន្មរស់។ ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ដល់​ពួកគេរយៈពេលសែសិបថ្ងៃហើយ​បាន​មានបន្ទូលអំពីនគរព្រះជាម្ចាស់ 4កាលកំពុង​បរិភោគ​ជាមួយគ្នា​ព្រះអង្គ​បាន​បង្គាប់ពួកគេថា៖ ​«ចូរ​កុំចាកចេញពី​ក្រុង​យេរូសាឡិមឡើយគឺត្រូវរង់ចាំ​សេចក្ដី​សន្យា​របស់​ព្រះវរបិតា​ដូច​ដែលខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​រួច​ហើយ 5ដ្បិតលោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹកប៉ុន្ដែ​នៅ​ប៉ុន្មានថ្ងែទៀតនេះអ្នករាល់គ្នា​នឹង​ទទួល​ពិធី​ជ្រមុជដោយ​ព្រះ​វិញ្ញាណបរិសុទ្ធ»។ 6កាលអ្នកទាំងនោះមកជួបជុំគ្នាហើយ​ពួកគេ​ក៏​សួរព្រះអង្គថា៖ ​«ព្រះអម្ចាស់អើយ! ​តើ​ព្រះអង្គ​នឹង​ស្ដារនគរអ៊ីស្រាអែល​ឡើងវិញ​នៅពេលនេះ 7ព្រះអង្គមានបន្ទូលទៅពួកគេ​វិញ​ថា៖ ​«អ្នករាល់គ្នាមិន​ចាំបាច់​ត្រូវ​ដឹង​ពី​ពេលវេលាកាលកំណត់ដែល​ព្រះ​វរ​បិតាបានកំណត់ទុកដោយសិទ្ធិអំណាចរបស់ព្រះអង្គ​ឡើយ 8ប៉ុន្ដែអ្នករាល់គ្នា​នឹង​ទទួលអំណាច​នៅ​ពេល​ដែល​ព្រះ​វិញ្ញាណបរិសុទ្ធយាងមក​សណ្ឋិត​លើអ្នករាល់គ្នាហើយ​អ្នករាល់គ្នា​នឹង​ធ្វើជាបន្ទាល់​របស់​ខ្ញុំនៅ​ក្រុង​យេរូសាឡិមនិង​ស្រុក​យូដាទាំងមូលនិង​ស្រុក​សាម៉ារីរហូតដល់ចុងបំផុតនៃផែនដី»។ 9កាលព្រះអង្គ​បាន​មានបន្ទូល​អំពី​សេចក្ដី​ទាំងនេះ​រួច​ហើយ​នោះ​ព្រះជាម្ចាស់​ក៏លើក​ព្រះអង្គ​ឡើង​ទៅ​ហើយ​ពេល​ពួកគេ​កំពុង​សម្លឹងមើលក៏​មាន​ពពក​មួយ​ផ្ទាំង​មក​ទទួលព្រះអង្គ​ចេញ​ពីភ្នែក​របស់​ពួកគេ 10ពេលពួកគេ​កំពុង​សម្លឹងមើលមេឃ​នៅពេល​ព្រះអង្គ​កំពុង​យាងទៅ​នោះ​ស្រាប់​តែ​មាន​បុរសពីរនាក់ស្លៀកពាក់ឈរនៅក្បែរពួកគេ 11ហើយនិយាយថា៖ ​«ពួក​អ្នក​ស្រុក​កាលីឡេអើយ! ​ហេតុអ្វី​បានជា​អ្នករាល់គ្នា​ឈរសម្លឹងមើលមេឃដូច្នេះ? ​ព្រះ​យេស៊ូដែល​ព្រះជាម្ចាស់​បាន​លើកឡើងពី​ចំណោម​អ្នករាល់គ្នាទៅស្ថានសួគ៌នេះ​ព្រះអង្គ​នឹង​យាង​ត្រលប់មក​វិញតាមរបៀបដដែលដូចដែល​អ្នករាល់គ្នា​បាន​ឃើញព្រះអង្គយាងឡើងទៅស្ថានសួគ៌»។ 12បន្ទាប់មកពួកគេ​ក៏ត្រលប់ពីភ្នំដើមអូលីវទៅ​ក្រុង​យេរូសាឡិមវិញភ្នំនោះនៅជិត​ក្រុង​យេរូសាឡិម​គឺ​មានចម្ងាយដើរ​អស់​មួយ​ថ្ងៃសប្ប័ទ 13ពេលចូល​ដល់​ក្នុង​ក្រុង​ហើយ​ពួកគេ​ក៏​ឡើងទៅ​បន្ទប់​ជាន់លើជា​កន្លែង​ដែលពួកគេស្នាក់នៅ។ ​ពួកគេ​ទាំងនោះ​មាន​លោក​ពេត្រុស​លោក​យ៉ូហាន​លោក​យ៉ាកុប​លោក​អនទ្រេ​លោក​ភីលីព​លោក​ថូម៉ាស​លោក​បារថូឡូមេ​លោក​ម៉ាថាយ​លោក​យ៉ាកុប​ត្រូវជា​កូន​របស់​លោក​អាល់ផាយ​លោក​ស៊ីម៉ូនជាអ្នកជាតិនិយមនិង​លោក​យូដាស​ត្រូវជា​កូន​របស់​លោក​យ៉ាកុប 14ពួកអ្នក​ទាំងអស់នេះព្រមព្រៀងគ្នាបន្ដអធិស្ឋានជាមួយ​នាង​ម៉ារា​ត្រូវជា​ម្ដាយ​របស់​ព្រះ​យេស៊ូនិងប្អូន​របស់​ព្រះអង្គព្រមទាំងស្ដ្រីឯទៀតៗ​ដែរ។ 15នៅគ្រានោះ​លោក​ពេត្រុស​បាន​ក្រោក​ឈរ​ឡើងក្នុងចំណោម​ពួក​បងប្អូន​(​ដែល​មានគ្នាចំនួនប្រហែលជាមួយរយម្ភៃនាក់នៅទីនោះ​)​ហើយនិយាយថា 16«បងប្អូនអើយ! ​បទគម្ពីរដែល​ព្រះ​វិញ្ញាណបរិសុទ្ធ​បាន​មានបន្ទូលទុកតាមរយៈមាត់​របស់​ស្ដេច​ដាវីឌអំពីយូដាសដែលត្រលប់ជា​អ្នក​នាំគេមកចាប់​ព្រះ​យេស៊ូ​នោះ​ត្រូវតែ​បាន​សម្រេច 17ព្រោះគាត់​ក៏ត្រូវ​បាន​រាប់ជាគ្នាយើងហើយ​បាន​ទទួលចំណែកនៅក្នុងកិច្ចការនេះដែរ 18បន្ទាប់មកអ្នកនេះ​បាន​យក​ប្រាក់​រង្វាន់​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន​ទៅ​ទិញដីស្រែ​មួយ​កន្លែងហើយក៏ដួល​ផ្កាប់​មុខធ្លាយពោះចេញពោះវៀន​មក​ក្រៅទាំងអស់ 19ហើយពួក​អ្នកនៅ​ក្រុង​យេរូសាឡិមបានដឹងរឿងនេះគ្រប់គ្នាដូច្នេះ​ពួកគេ​ក៏​ហៅដីនោះជាភាសា​របស់​ពួកគេផ្ទាល់ថាអាកិលដាម៉ាដែលមានន័យថា​«ស្រែឈាម»។ 20សេចក្ដីនេះ​មាន​ចែង​ទុក​ក្នុងគម្ពីរទំនុកតម្កើងថា៖ ​«ចូរ​ឲ្យ​លំនៅ​របស់​វាត្រលប់ជាទីសោះកក្រោះហើយកុំ​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់រស់នៅទីនោះ» ​និង​«ចូរ​ឲ្យ​អ្នក​ផ្សេងទៀតទទួលយកកិច្ចការ​របស់​វា​ចុះ» 21ដូច្នេះត្រូវតែ​ឲ្យ​ម្នាក់​ពី​អ្នកទាំងនេះ​ដែល​បាន​នៅជាមួយយើងគ្រប់​ពេល​វេលាក្នុងកាលដែលព្រះអម្ចាស់យេស៊ូគង់នៅក្នុងចំណោមយើង​នៅ​ឡើយ 22គឺចាប់​តាំង​ពីគ្រា​ដែល​យ៉ូហាន​ធ្វើ​ពិធីជ្រមុជទឹករហូតដល់ថ្ងៃដែល​ព្រះជាម្ចាស់​បាន​លើក​ព្រះអង្គ​ចេញ​ពីយើងទៅ​គឺ​ត្រូវ​ឲ្យ​ម្នាក់​នោះ​ធ្វើជាសាក្សីជាមួយយើងអំពីការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះអង្គ»។ 23ដូច្នេះពួកគេ​ក៏​ជ្រើសរើស​មនុស្ស​ពីរនាក់​គឺ​លោក​ម៉ាត់ធាសនិង​លោក​យ៉ូសែបដែលហៅថាបារសាបាស​ឬ​យូស្ទុស 24បន្ទាប់មកពួកគេ​បាន​អធិស្ឋានថា៖ ​«ឱ​ព្រះអម្ចាស់​អើយ! ​ព្រះអង្គយល់ចិត្ដ​មនុស្ស​គ្រប់គ្នា​សូម​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​ព្រះអង្គ​ជ្រើសរើសអ្នកណាម្នាក់ក្នុងចំណោម​អ្នក​ទាំងពីរនេះ 25ដើម្បីទទួលយកកិច្ចការនេះព្រមទាំងតួនាទីជាសាវកជំនួលយូដាសដែល​បាន​បែរចេញ​ហើយ​ទៅតាមផ្លូវរបស់គាត់»។ 26បន្ទាប់មកពួកគេ​ក៏ចាប់ឆ្នោតហើយចាប់ចំ​លោក​ម៉ាត់ធាសដូច្នេះ​ពួកគេ​ក៏រាប់បញ្ចូល​លោក​ម៉ាត់ធាសជាមួយ​ពួក​សាវក​ទាំង​ដប់មួយ
Copyright information for KhmKCB